18/04/2026
វិនិយោគិនបរទេសសម្រុកលក់ចេញហ៊ុននៅថៃ ខណៈសង្គ្រាមអ៊ីរ៉ង់ និងវិបត្តិថាមពលលុបបំបាត់ក្តីសង្ឃឹមនៃការស្តារសេដ្ឋកិច្ចឡើងវិញ
--
វិនិយោគិនបរទេសកំពុងសម្រុកលក់ចេញនូវទ្រព្យសម្បត្តិ(ភាគហ៊ុន)ក្នុងប្រទេសថៃ ខណៈដែលវិបត្តិថាមពល ដែលបង្កឡើងដោយសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កំពុងគំរាមកំហែងដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោមរដ្ឋាភិបាលរបស់លោក អនុធីន ឆានវីរៈគុន។
ជម្លោះនៅមជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងថ្លៃខ្ពស់ ជាពិសេសក្នុងតំបន់អាស៊ី ដែលពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ថាមពលពីតំបន់ឈូងសមុទ្រពែរ្ស។ យោងតាមការស្រាវជ្រាវរបស់ Krungsri Research ប្រទេសថៃស្ថិតក្នុងចំណោមប្រទេស ដែលប្រឈមមុខខ្លាំងជាងគេ ដោយសារតំបន់មជ្ឈិមបូព៌ាគឺជាអ្នកផ្គត់ផ្គង់ប្រេង និងហ្គាស ជិតពាក់កណ្តាលដល់ប្រទេសនេះ។
ជាមួយនឹងបំណុលសាធារណៈដ៏ច្រើនសន្ធឹក ហើយសេដ្ឋកិច្ចធ្លាក់ក្នុងស្ថានភាពឱនភាព (Deflation) រួចស្រេចទៅហើយ តាំងពីមុនពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា, បញ្ហាប្រឈមរបស់ទីក្រុងបាងកកគឺមានភាពស្រួចស្រាវ និងធ្ងន់ធ្ងរជាងប្រទេសជិតខាងភាគច្រើនរបស់ខ្លួន។
នៅពេលដែលសង្រ្គាមអ៊ីរ៉ង់បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ វិនិយោគិនបរទេសបានដកថយយ៉ាងគំហុក ដោយមានការលក់ចេញនូវភាគហ៊ុនចំនួន ៨២៣លានដុល្លារ ក្នុងខែមីនា ខណៈដែលការហូរចេញនៃសញ្ញាបណ្ណ (bond outflows) មានចំនួនដល់ទៅ ៧០៥ លានដុល្លារ ដែលជាការហូរចេញដ៏ធំបំផុតបើរាប់ចាប់តាំងពីខែតុលា ឆ្នាំ២០២៤មក។
បទឈប់បាញ់រយៈពេលពីរសប្តាហ៍ក្នុងខែមេសានេះ បានជំរុញឱ្យមានក្តីសង្ឃឹមលើការដោះស្រាយវិវាទ និងនាំឱ្យមានការងើបឡើងវិញខ្លះនៃភាគហ៊ុនថៃ និងប្រាក់បាត ប៉ុន្តែវិនិយោគិននៅតែមានការប្រុងប្រយ័ត្ន ចំពោះភាពងាយរងគ្រោះរបស់ប្រទេសនេះ ប្រសិនបើតម្លៃប្រេង នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់៕
ផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦
ប្រភព៖ Reuters