11/05/2026
រាល់ការងារ និងអត្ថបទដែលខ្ញុំបានដំឡើង បងប្អូនអាចជឿទុកចិត្តបានប្រហែលពី ៧៥% ទៅ ៩០% ព្រោះមុននឹងសរសេរ ខ្ញុំតែងតែសិក្សា ប្រមូលព័ត៌មាន ពិភាក្សា និងពិនិត្យយ៉ាងម៉ត់ចត់ជាមុនសិន។
គោលបំណងសំខាន់របស់ខ្ញុំ គឺចង់ឲ្យបងប្អូនបានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពីសិល្បៈ និងមរតកវប្បធម៌របស់ជាតិខ្លួន។
រាល់ការកែច្នៃ និងការបង្កើតថ្មីៗ ទោះបីជាមានការកែសម្រួលខ្លះក៏ដោយ ខ្ញុំតែងតែគោរព និងរក្សាតម្លៃដើមនៃសិល្បៈជាតិ ដោយមិនឲ្យឃ្លាតឆ្ងាយពីអត្ថន័យ និងគុណតម្លៃដ៏ថ្លៃថ្នូររបស់វាឡើយ។
ទោះបីជាឈុតសម្លៀកបំពាក់ខ្លះដែលខ្ញុំបានរចនាឡើង មិនសូវស្របតាមនិន្នាការទីផ្សារ ឬមិនទាន់មានការពេញនិយមសម្រាប់ការជួលថតរូបក៏ដោយ ខ្ញុំនៅតែមានបំណងបង្កើតវាឡើង។ ព្រោះ DePAGE Studio មិនចង់ឲ្យជ្រុងតូចៗនៃសិល្បៈ «ឈុតសម្លៀកបំពាក់ធម្មតា» ត្រូវបាត់បង់ពីការចងចាំរបស់យើងឡើយ។
ឈុតសម្លៀកបំពាក់មួយចំនួន ប្រហែលមិនមែនជាសម្លៀកបំពាក់ដែលមនុស្សសម័យនេះនិយមស្លៀកជាប្រចាំទេ ប៉ុន្តែវាជាសក្ខីភាពដ៏មានតម្លៃ ដែលបង្ហាញពីដំណើរប្រវត្តិសាស្ត្រ និងវប្បធម៌របស់បុព្វបុរស។ តាមរយៈឈុតទាំងនេះ យើងអាចយល់ឃើញកាន់តែច្បាស់អំពីឫសគល់ និងមរតកដែលបាននាំឲ្យយើងឈរនៅទីនេះក្នុងថ្ងៃនេះ។