14/12/2025
ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២។ប្រាសាទអង្គរវត្តមានឈ្មោះដើមថា "បរមវិស្ណុលោក"។ ការវិវត្តនៃឈ្មោះ អង្គរវត្ត នេះអាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រ។ តាមសិលាចារឹកនៅសតវត្សទី១៦បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក។ ពាក្យ ឥន្ទ្រប្រ័ស្ថ មានន័យថា "ទីក្រុងរបស់ព្រះឥន្ទ"។ មួយចំណែកទៀតនៅសតវត្សរ៍ទី១៧ត្រូវបានគេហៅថា "ឥន្ទបត្តម្ភានគរស្រីសុធរវពិស្ណុលោក"។ បើតាមវចនានុក្រមជួន-ណាតពាក្យ ឥន្ទបត្ត រឺ ឥន្ទ្រប្រ័ស្ថ នេះមានសេចក្ដីពន្យល់ដូចតទៅ´៖ ឈ្មោះក្រុងមួយក្នុងប្រទេសឥណ្ឌាសម័យបុរាណ ត្រង់កន្លែងក្រុង ទេល្ហី សព្វថ្ងៃនេះ ? ។ ខ្មែរសម័យមហានគរ (នគរធំ) ប្រើពាក្យនេះជាវិសេសនាម ឬជាគោរមនៃក្រុមមហានគរ, ច្រើនប្រើក្នុងព្រះបរមរាជសាសន៍ ឬព្រះបរមរាជឱង្ការថា ព្រះបាទសម្តេចព្រះរាជឱង្ការបរមបពិត្រកម្ពុជាធិបតីស្រី ឥន្រ្ទប្រ័ស្ថបុរីរ័ត្នរាជធានី... (ប្រើពាក្យនេះតាំងអំពីបានព្រះខ័នរាជ្យ ដែលមានសេចក្ដីតំណាលថា ព្រះឥន្រ្ទយកមកប្រទានទុកជាកេរ្តិ៍ជាសស្រ្តាដ៏វិសេសសម្រាប់កម្ពុជរដ្ឋ ?) ។ ឈ្មោះថា អង្គរវត្ត គឺជាឈ្មោះសាមញ្ញសំរាប់កំណត់ប្រាសាទដែលជាបូជនីយដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ជាពិសេសអ្នករស់នៅខេត្តសៀមរាបច្រើននិយមហៅឈ្មោះរួមមួយថាអង្គរតូច។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិពន្ធនៅលើពិភពលោកទាំងអស់បានកំណត់ហៅឈ្មោះរួមមួយថា អង្គរវត្ត រហូតមកដល់បច្ចុប្បន្ន។ប្រាសាទ អង្គរវត្ត ជាប្រាសាទ ដែលធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានមាឌដ្ឋានលើផ្ទៃដីទំហំ ១៦២,៦ ហិចតា ដោយស្មើនឹង (1,626,000 m2) ។ រចនាសម្ព័ននៃសំណង់ប្រាសាទត្រូវ បានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល នៃ អច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុងស.វទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រ នាសម័យកាល ចក្រភពខ្មែរ ប្រាសាទនេះសាងសង់ ដើម្បីឧទ្ទិសឱ្យ ព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើ ព្រះវិស្ណុ។